ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ការជួយកុមារកម្ពុជាដែលបានបញ្ជូនទៅវះកាត់ និងព្យាបាលជំងឺបេះដូងចំហ ទទួលបានជោគជ័យនៅប្រទេសចិន
កម្មវិធីផ្សព្វផ្សាយ ចែករំលែកបទពិសោធន៍ ការជួយកុមារកម្ពុជាដែលបានបញ្ជូនទៅវះកាត់ និងព្យាបាលជំងឺបេះដូងចំហទទួលបានជោគជ័យនៅប្រទេសចិន បានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តម វ៉ង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ក្រោមកិច្ចសហការរៀបចំរវាងព្រឹទ្ធសភាកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ព្រមទាំងអង្គការមជ្ឈមណ្ឌលស្រាវជ្រាវឥរិយាបថ និងសុខភាពសិក្សា (YUNDI)។
ក្នុងដំណើរការកម្មវិធីនេះ រួមមាន៖
១.ការទស្សនាខ្សែភាពយន្តខ្លីស្តីពី បេសកកម្មការងាររបស់អង្គការ YUNDI ជួយដល់កុមារកម្ពុជាដែលមានជំងឺបេះដូងចំហ
២.របាយការណ៍សមិទ្ធផលការងារចុះពិនិត្យកុមារបេះដូងចំហរយៈពេល២ឆ្នាំ របស់លោកបណ្ឌិត ជា មុនីឬទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាតំណាងអង្គការ YUNDI
៣.ចំណាប់អារម្មណ៍របស់លោកស្រី សាំង សុភី រស់នៅខេត្តឧត្តរមានជ័យតំណាងអាណាព្យាបាលកុមារចំនួន៥០រូប ដែលបានជាសះស្បើយពីជំងឺបេះដូងចំហ
៤.សុន្ទរកថារបស់ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា
៥.សុន្ទរកថាគន្លឺះរបស៉ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា
៦.ពិធីថតរូប និងជូនវត្ថុអនុស្សាវរីយ៍។
សូមជម្រាបថា កុមារដែលមានជំងឺបេះដូងចំហ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហ្វូវ៉ាយមានចំនួន ៨៧រូប ក្នុងឆ្នាំ២០១៨មានចំនួន ២៩រូប និងក្នុងឆ្នាំ២០១៩មានចំនួន ៥៨រូប។ កុមារទាំងអស់នេះ រស់នៅខេត្តតាកែវចំនួន ០២នាក់ ខេត្តសៀមរាបចំនួន ០៦នាក់ ខេត្តកំពង់ស្ពឺចំនួន ០៥នាក់ ខេត្តរតនគិរីចំនួន ០៣នាក់ ខេត្តកំពង់ធំចំនួន ០៧នាក់ ខេត្តកំពង់ចាមចំនួន ០៧នាក់ ខេត្តកំពង់ឆ្នាំងចំនួន ០៦នាក់ ខេត្តបាត់ដំបងចំនួន ៣២នាក់ ខេត្តកណ្តាលចំនួន ០៤នាក់ ខេត្តក្រចេះចំនួន ០៣នាក់ ខេត្តស្វាយរៀងចំនួន ០៣នាក់ ខេត្តត្បូងឃ្មុំចំនួន ០១នាក់ ខេត្តព្រៃវែងចំនួន ០១នាក់ ខេត្តកំពតចំនួន ០១នាក់ ខេត្តឧត្តរមានជ័យចំនួន ០១នាក់ និងរាជធានីភ្នំពេញចំនួន ០៥នាក់៕